ភ្នំពេញៈ សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញដែលមានកម្ពស់ ១៨ ជាន់មានទីតាំងនៅទល់មុខព្រះបរមរាជវាំង ស្ថិតនៅចំចំណុចប្រសព្វនៃទន្លេចតុមុខ ត្រូវបានបើកដាក់ឲ្យដំណើរការជាផ្លូវការកាលពីម្សិលមិញបន្ទាប់ពីចំណាយពេលសាងសង់អស់ជាង៦ឆ្នាំ និងចំណាយថវិកាសរុប១២០ លានដុល្លារ។
នេះជាសណ្ឋាគារទីបួនរបស់ក្រុមហ៊ុនសុខាហូតែល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប របស់លោក សុខ គង់ ដែលបានដំណើរការសាងសង់នៅលើផ្ទៃដីទំហំ៥ហិកតា និងមានកម្ពស់សរុប ៧២,៨៧ ម៉ែត្រ។ សណ្ឋាគារនេះមានបន្ទប់ស្នាក់នៅសរុប ៧៤៤ បន្ទប់បានចាប់ផ្តើមដំណើរការសាងសង់តាំងពីថ្ងៃទី៨ សីហា ឆ្នាំ២០០៨។
ថ្លែងក្នុងពិធីបើកសម្ពោធសណ្ឋាគារ សុខាភ្នំពេញ ព្រមជាមួយសមិទ្ធផលសាធារណៈមួយចំនួនទៀត លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ដំណើរការសណ្ឋាគារដែលចំណាយទុនវិនិយោគ ១២០ លានដុល្លារ (មិនបានទាន់គិតតម្លៃដី) នេះនឹងចូលរួមចំណែកក្នុងការពង្រឹងការផ្តល់ជូនសេវាកម្មទេសចរណ៍កាន់តែល្អដើម្បីទាក់ទាញចំនួនអ្នកចូលទស្សនាកម្ពុជា និងពង្រឹងលទ្ធភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំជាលក្ខណៈតំបន់ និងអន្តរជាតិ។
លោកថ្លែងថា៖ «ខ្ញុំគិតថា[សម្រាប់] ការប្រជុំខ្នាតអន្តរជាតិកម្ពុជាអាចនឹងពេលណាមួយសុំសិទ្ធិធ្វើជាប្រធានអាស៊ីអឺរ៉ុបតែម្តង... ហើយយកទីតាំងនេះប្រជុំតែម្តង»។
លោកបន្តថា ទីតាំងសណ្ឋាគារនេះពិតជាអំណោយផលសម្រាប់កិច្ចប្រជុំធំៗលំដាប់អន្តរជាតិ និងសម្រាប់ទាក់ទាញអ្នកជួលស្នាក់នៅលំដាប់ខ្ពស់តាមរយៈបន្ទប់ស្នាក់នៅ និងបន្ទប់ខុនដូ។
លោកបានអះអាងថា៖ «បន្តិចទៀតអ្នកការទូត[អាច]ចូលចិត្តមកនៅខាងហ្នឹង អ្នកការទូតនានាគាត់មកនៅខាងនេះ ព្រោះវាល្ហើយ វាអត់សូវមានផ្សែងពុល»។
យោងតាមព័ត៌មានពីក្រុមហ៊ុន សុខា ហូតែល សណ្ឋាគារដែលមានបន្ទប់ស្នាក់នៅសរុប៧៤៤ បន្ទប់ត្រូវបានចែកចេញជាពីរផ្នែកគឺបន្ទប់សណ្ឋាគារ ៥៤៩ បន្ទប់និងខុនដូ ១៩៥ បន្ទប់។ សណ្ឋាគារមានសាលប្រជុំធំមួយដែលអាចផ្ទុកមនុស្ស៣០០០ នាក់ និងមានកន្លែងចតយានយន្ត ៣ ជាន់ដែលអាចផ្តល់ជាចំណតរថយន្តប្រមាណ ១ ០០០ គ្រឿង ម៉ូតូ១ ០០០ គ្រឿងនិងចំណតឧទ្ធម្ភាគចក្រ ២ កន្លែងនៅលើដំបូលអគារ។
នៅក្នុងដំណាក់កាលសាងសង់ គម្រោងវិនិយោគនេះបានបង្កើតការងារដល់ប្រជាជនប្រមាណ ១ ៥០០ នាក់ ហើយក្នុងដំណាក់កាលប្រតិបត្តិការអាជីវកម្ម សណ្ឋាគារនេះបានផ្តល់ការងារដល់និយោជិក៨០០ នាក់។
លោក ប៉ា សុជាតិវង្ស បានថ្លែងក្នុងពិធីបើកសម្ពោធកាលពីម្សិលមិញថា ការដាក់ឲ្យដំណើរការសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងសមិទ្ធផលសាធារណៈនានានៅតាមបណ្តោយត្រើយខាងកើតទន្លេសាបដែលរួមមានដូចជា រូបសំណាកព្រះនាងប្រាជ្ញបារមី ច្រាំងទន្លេ និងសួនច្បារ និងរួមចំណែកសេវាទេសចរណ៍ និងការកម្សាន្ត ដល់ប្រជាជននៅជុំវិញនោះ ដែលទឹកប្រាក់នៃការវិនិយោគលើសមិទ្ធផលទាំងនោះបានចំណាយថវិកាសរុប ២១ លានដុល្លារជាកញ្ចប់ថវិកាវិនិយោគលើទីតាំងសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថាការបើកដំណើរការសណ្ឋាគារ សុខាភ្នំពេញដែលមានទីតាំងល្អ និងសេវាកម្មកម្រិតខ្ពស់នេះនឹងបង្កើតជាជម្រើសថ្មីបន្ថែមទៀតសម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសលំដាប់ខ្ពស់ដែលកំពុងមានការកើនឡើងនៅកម្ពុជា។
ខណៈសណ្ឋាគារថ្មីនេះមានផលិតផល និងសេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ វត្តមានសណ្ឋាគារនេះអាចនឹងបង្កជាការប្រជែងកម្រិតណាមួយដល់ប្រតិបត្តិករសណ្ឋាគារលំដាប់ខ្ពស់ដែលមានស្រាប់នៅកម្ពុជា ប៉ុន្តែនឹងមិនទាន់ខ្លាំងក្លានោះទេ។
លោកថ្លែងថា៖ «វាអាចជាសម្ពាធប្រកួតប្រជែងដល់សណ្ឋាគារផ្សេងៗដែរ ប៉ុន្តែខ្ញុំគិតថា ការប្រជែងនេះមានតិចតួចណាស់ ព្រោះសណ្ឋាគារនីមួយៗមានផលិតផល និងសេវាកម្មដើម្បីចាប់យកចំណែកទីផ្សារផ្សេងៗគ្នា»។
លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារកម្ពុជាបានសាទរចំពោះការបើកដំណើរការសណ្ឋាគារលំដាប់ខ្ពស់នេះ ដោយរំពឹងថាវានឹងបង្កើតជាជម្រើសកាន់តែល្អទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងបង្កើនភាពទាក់ទាញក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចនៅកម្ពុជា។
លោកបន្តថា មកទល់ពេលនេះ កម្ពុជាមានសណ្ឋាគារទាំងធំ និងតូចជាង ៥០០ សណ្ឋាគារ ក្នុងនោះសណ្ឋាគារលំដាប់ខ្ពស់ដែលផ្តល់ជូនសេវាកម្មលំដាប់អន្តរជាតិមានប្រមាណ ៥ ទៅ៦ សណ្ឋាគារ។
លោកថ្លែងថា៖ «ការមានសណ្ឋាគារលំដាប់ខ្ពស់ច្រើននឹងបង្កជាជម្រើសកាន់តែច្រើនសម្រាប់ភ្ញៀវទេសចរ ហើយខ្ញុំគិតថាវានឹងមិនបង្កការប៉ះពាល់ដល់ប្រតិបត្តិករសណ្ឋាគារដែលមានស្រាប់ទេដោយសារពួកគេផ្តល់សេវាកម្មដែលបំពេញគ្នាទៅវិញទៅមក»៕