ក្រុងហ្វ្រែងហ្វឺតៈ លោក Mario Draghi ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលមួយនេះកំពុងដើរឆ្ពោះទៅរកការសម្រេចគោលដៅដែលបានប្រកាសរបស់ខ្លួនសម្រាប់កម្មវិធីទិញមូលបត្របំណុលដ៏ធំមួយ ដែលបានដាក់អនុវត្តកាលពីដើមខែនេះ។
លោក Draghi បានប្រាប់គណៈកម្មាធិការរបស់សភាអឺរ៉ុបស្តីពីកិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុនៅក្នុងសវនាការប្រចាំមួយនៅទីក្រុងប្រ៊ុចសែលដែលបានចេញផ្សាយផ្ទាល់តាមអនឡាញថា៖ «កាលពីថ្ងៃទី៩ ខែមីនា យើងបានចាប់ផ្តើមទិញមូលបត្របំណុលក្នុងវិស័យសាធារណៈ ដែលជាផ្នែកមួយនៃការពង្រីកកម្មវិធីទិញទ្រព្យសកម្មរបស់យើង»។
លោក Draghi បានមានប្រសាសន៍ថា៖ «សរុបមក ការទិញទ្រព្យសកម្មរបស់យើងនឹងមានចំនួនរហូតដល់ ៦០ពាន់លានអឺរ៉ូ (៦៥ពាន់លានដុល្លារ) ក្នុងមួយខែ។ រហូតមកដល់ពេលនេះ កម្រិតនៃការទិញកំពុងដើរឆ្ពោះទៅរកការសម្រេចបានគោលដៅសរុបចំនួន ៦០ពាន់លានអឺរ៉ូនៅខែមីនា»។
យោងតាមទិន្នន័យ ដែលបានចេញផ្សាយផ្សេងគ្នានៅលើគេហទំព័ររបស់ធនាគារកណ្តាលអឺរ៉ុបបានបង្ហាញថា ការទិញមូលបត្របំណុលនេះ មានចំនួនសរុប ២៦,៣ពាន់លានអឺរ៉ូ គិតត្រឹមថ្ងៃពុធ ទី១៨ ខែមីនា កាលពីសប្តាហ៍មុន។
កាលពីថ្ងៃទី២២ ខែមករា ធនាគារកណ្តាលអឺរ៉ុបបានប្រកាសពីកម្មវិធីទិញមូលបត្របំណុលដែលមានតម្លៃ ១,១៤ពាន់ពាន់លានអឺរ៉ូ ដែលត្រូវបានគេស្គាល់ថា គោលនយោបាយផ្គត់ផ្គង់ថវិកាបន្ថែម ឬ QE ដែលនឹងត្រូវអនុវត្តរយៈពេលយ៉ាងហោចណាស់ ១៨ខែ។
គោលបំណងគឺដើម្បីចាក់សាច់ប្រាក់ងាយស្រួលចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីដំណើរការឥណទាន និងជំរុញអត្រាអតិផរណា ដែលបច្ចុប្បន្នមានកម្រិតទាបជាងសូន្យភាគរយ។
ទោះយ៉ាងណា អ្នកវិភាគមួយចំនួនបានលើកឡើងថា ធនាគារកណ្តាលអឺរ៉ុបអាចនឹងមានការលំបាកក្នុងការស្វែងរកមូលបត្របំណុលគ្រប់គ្រាន់ដើម្បីទិញ ដោយសារវិនិយោគិនធំៗ នឹងមិនមានបំណង ឬលទ្ធភាពលក់មូលបត្របំណុលរដ្ឋាភិបាលដែលមានចំណាត់ថ្នាក់ល្អទេ ជាពិសេសមូលបត្របំណុលរបស់រដ្ឋាភិបាលអាល្លឺម៉ង់។
តែលោក Draghi បានទាត់ចោលនូវការលើកឡើងបែបនេះ។
លោកមានប្រសាសន៍ថា៖ «នៅពេលនេះ យើងពុំឃើញមានអ្វីបង្ហាញថា នឹងមិនមានមូលបត្របំណុលគ្រប់គ្រាន់ឲ្យយើងទិញនោះទេ។ រហូតមកដល់ពេលនេះ យោបល់ពីអ្នកចូលរួមក្នុងទីផ្សារបានលើកឡើងថា ការអនុវត្តមានដំណើរការរលូនណាស់ និងថា សាច់ប្រាក់ងាយស្រួលក្នុងទីផ្សារនៅតែមានច្រើន»។
លោកបានថ្លែងបន្តថា៖ «ទីផ្សារមូលបត្របំណុលរបស់រដ្ឋាភិបាលមានទំហំធំល្មមសម្រាប់ឲ្យកម្មវិធីទិញមូលបត្របំណុលនេះដំណើរការដោយគ្មានការលំបាក»៕ BP
ADS HERE !!!