ក្រុងតូក្យូៈ គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានអនុម័តផែនការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុននានា ដែលផ្លាស់ទីតាំងការិយាល័យកណ្តាលរបស់ខ្លួនចេញពីទីក្រុងតូក្យូ ខណៈប្រទេសជប៉ុនព្យាយាមស្តារសេដ្ឋកិច្ចរបស់តំបន់នានាក្នុងប្រទេសខ្លួនឡើងវិញ។
ក្រោមច្បាប់ថ្មីដែលនឹងត្រូវបញ្ចូលទៅកាន់សភានេះ ក្រុមហ៊ុនទាំងនេះនឹងទទួលបានការកាត់បន្ថយពន្ធស្មើនឹង ៧ភាគរយនៃចំនួនទឹកប្រាក់ដែលក្រុមហ៊ុនទាំងនោះចំណាយកសាងការិយាល័យកណ្តាលថ្មីមួយនៅខាងក្រៅទីក្រុងតូក្យូ ដោយមិនរាប់បញ្ចូលទីក្រុង អូសាកា និងណាហ្គូយ៉ា។ ច្បាប់នេះក៏នឹងផ្តល់ការកាត់បន្ថយពន្ធសម្រាប់ជួលបុគ្គលិកបម្រើការនៅការិយាល័យថ្មីទាំងនោះផងដែរ។
យោងតាមអង្គភាពកិច្ចសហប្រតិបត្តិការវិទ្យាស្ថានស្រាវជ្រាវទីក្រុង ទីក្រុងតូក្យូមានទិន្នផលសេដ្ឋកិច្ចជិតស្មើនឹង ១ភាគ៥នៃទិន្នផលសេដ្ឋកិច្ចជប៉ុន ហើយក្រុមហ៊ុនដែលបានចុះបញ្ជីច្រើនជាង១៧០០ក្រុមហ៊ុន មានការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងទីក្រុងនេះ។ រដ្ឋាភិបាលរបស់លោក អាបេ មានបំណងបង្កើតការងារថ្មីចំនួន៣០ម៉ឺនកន្លែងនៅក្នុងតំបន់នានានៅត្រឹមឆ្នាំ២០២០។
លោក Makoto Yonekawa ទីប្រឹក្សាជាន់ខ្ពស់ប្រចាំវិទ្យាស្ថានស្រាវជ្រាវ Daiwa បានឲ្យដឹងថា៖ «ការងារដែលមានភាពទាក់ទាញចំពោះពលរដ្ឋ វ័យក្មេងនៅក្នុងតំបន់ គឺជាមធ្យោបាយតែមួយគត់ ដែលទប់ស្កាត់មិនឲ្យមនុស្សប្រមូលផ្តុំនៅទីក្រុងតូក្យូ។ គោលនយោបាយនេះ គឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ តែប្រសិទ្ធភាពរបស់ច្បាប់នេះ ដែលអាចនឹងបញ្ចប់ការផ្តោតលើទីក្រុងតូក្យូនោះនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។
គណៈរដ្ឋមន្ត្រីរបស់ជប៉ុនបានអនុម័តច្បាប់នេះកាលពីថ្ងៃអង្គារ នេះបើយោងតាមខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី។ កាលបរិច្ឆេទនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេសម្រាប់ការបញ្ចូលច្បាប់នេះទៅកាន់សភា ដែលគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក អាបេ មានសំឡេងភាគច្រើន។
គោលនយោបាយនេះនឹងជួយក្រុមហ៊ុនមួយចំនួន ដូចជា ក្រុមហ៊ុនផលិតខ្សែរូត និងឧបករណ៍តភ្ជាប់ YKK Group ជាដើម ដែលកំពុងផ្លាស់ប្តូរការិយាល័យរបស់ខ្លួនទៅទីក្រុង Kurobe៕ BP
ADS HERE !!!