ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានបន្តធ្វើការបញ្ចុះតម្លៃសេវាប្រតិបត្តិការរបស់ខ្លួនជាលើកទីបីចាប់តាំងពីបើកឲ្យដំណើការជួញដូរតាំងពីឆ្នាំ២០១២ មកក្នុងបំណងធ្វើការទាក់ទាញការជួញដូរពីវិនិយោគិន និងសាធារណជនឲ្យកាន់តែច្រើនជាងមុន។
លោក ម៉ុក រាឌី ប្រធានផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍផ្សារមូលបត្រនៃ គ.ម.ក.ក៏បានថ្លែងមកកាន់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា ដោយមើលឃើញពីភាពចាំបាច់ក្នុងការទាក់ទាញវិនិយោគិនក៏ដូចជាសាធារណជនទូទៅឲ្យមានការចាប់អារម្មណ៍បន្ថែមទៀតលើផ្សារមូលបត្រ គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.) កាលពីថ្ងៃទី ១២ ក្នុងកិច្ចប្រជុំគណៈកម្មការមូលបត្រលើកទី៣៥ បានធ្វើការសម្រេចឲ្យ ផ.ម.ក បន្តបញ្ចុះថ្លៃសេវាជួញដូរមូលបត្រ ថ្លៃសេវាផាត់ទាត់និងទូទាត់មូលបត្រ និងថ្លៃសេវាផ្ទេរមូលបត្ររវាងគណនី ៥០ភាគរយ សម្រាប់២០១៥ ជាបន្តទៀត។
សេវាទាំងនោះនឹងធ្វើការបញ្ចុះដូចជា ថ្លៃសេវាសម្រាប់សេវាជួញដូរមូលបត្រកម្មសិទិ្ធ កាត់បន្ថយចំនួន ពី០,១៥ភាគរយ មកត្រឹមអត្រា ០,០៧៥ភាគរយ ថ្លៃសេវាសម្រាប់ផាត់ទាត់និងទូទាត់មូលបត្រ ត្រូវកាត់បន្ថយ ពី០,០៥ ភាគរយមកត្រឹមអត្រា ០,០២៥ភាគរយ និងថ្លៃសេវានៃការផ្ទេរមូលបត្ររវាងគណនី ត្រូវកាត់បន្ថយពី ០,១ ភាគរយមកត្រឹមអត្រា ០,០៥ភាគរយ។ នេះបើយោងតាមលោក ម៉ុក រាឌី។
លោកបន្តថា៖ «តាមពិតទៅ យើងបានអនុវត្តរហូតមកតាំងពីឆ្នាំ ២០១២ ដោយយើងមើលឃើញពីស្ថានភាពនៃការជួញដូរមិនទាន់ល្អ ហើយយើងចង់លើកទឹកចិត្តដល់វិនិយោគិន និងសាធារណជនមានការជួញដូរបន្ថែមលើកវិស័យមូលបត្ររបស់យើង» ដែលការណ៍នេះវានឹងធ្វើឲ្យវិនិយោគិនសប្បាយចិត្តដោយវាបានជួយកាត់បន្ថយការចំណាយរបស់ពួកគេក្នុងការទិញឬលក់មូលបត្ររបស់ពួកគេ»។
ល្មុន សូឡី អនុប្រធានប្រតិបត្តិការនៃ ផ.ម.ក. បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ផ.ម.ក នៅតែបន្តការធ្វើការបញ្ចុះថ្លៃសេវាប្រតិបតិ្តការរបស់ខ្លួនចាប់តាំងពីការបើកជួញដូរផ្សារកាលពីឆ្នាំ២០១២មកម្ល៉េះ។
លោកបន្តថា៖«វាជាការស្នើសុំបញ្ចុះថ្លៃ៥០ភាគរយចំនួនបីលើកឬបីឆ្នាំមកហើយ។
យើងរំពឹងថាការបន្តបញ្ចុះតម្លៃនេះនឹងរក្សាបាននូវភាពទាក់ទាញកាន់តែខ្លាំងមកកាន់ផ្សារមូលបត្រយើងជាងធៀបទៅនឹងសេវាវិនិយោគផ្សេងៗទៀត។ ការបញ្ចុះតម្លៃនេះវាមិនបង្កផលប៉ះពាល់អីដល់ប្រាក់ចំណូលបច្ចុប្បន្នរបស់យើងនោះទេតាំងពីការផ្តើមដំបូងមកម្ល៉េះ»។
លោក ស្វៃ ហៃ ប្រធាន និងនាយកប្រតិបត្តិនៃឈ្មួញជើងសាមូលបត្រកម្មសិទ្ធិក៏បានថ្លែងដែរថា ដោយសារវិស័យមូលបត្រកម្ពុជា ជាវិស័យមួយថ្មីសម្រាប់វិនិយោគិនក្នុងស្រុក និងសាធារណជនទូទៅ ការលើកទឹកចិត្តផ្សេងៗគឺពិតជាមានសារៈសំខាន់ក្នុងការទាក់ទាញពួកគេមកវិនិយោគលើវិស័យនេះ។
លោកបានអះអាងថា ៖«វិស័យនេះគឺស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍវិស័យមូលបត្រ ដូច្នេះផ្សារមូលបត្រកម្ពុជាគឺតែងតែធ្វើការគិតគូរដើម្បីរួមចំណែកធ្វើការបញ្ចុះថ្លៃសេវារបស់ខ្លួនសម្រាប់សមាជិកដើម្បីអនុវត្តទៅតាមបទប្បញ្ញត្តិដែលមានស្រាប់»។ តែលោកថ្លែងថា តម្លៃសេវាទាំងឡាយនឹងអនុវត្តពេញលេញក្នុងតម្លៃដើមនៅពេលដែលទំហំនៃការជួញដូរនៅលើទីផ្សារខ្ពស់ ការកើនឡើងនៃអត្រាសកម្មភាពជួញដូរ និងការបោះផ្សារមូលបត្រកម្មសិទ្ធិដំបូងច្រើន។
តាំងពីការដាក់សម្ពោធឲ្យដំណើរការផ្សារមូលបត្រកម្ពុជាកាលពីពាក់កណ្តាលឆ្នាំ២០១២ មកគឺមានតែក្រុមហ៊ុនតែពីរប៉ុណ្ណោះ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនរោងចក្រកាត់ដេររបស់តៃវ៉ាន់ Grand Twins។ ហើយរំពឹងថា នឹងមានក្រុមហ៊ុនចំនួនបីថែមទៀតគ្រោងនឹងធ្វើការបោះផ្សាយមូលបត្រជាសាធារណៈរបស់ខ្លួនក្នុងឆ្នាំនេះ។
តម្លៃសន្ទស្សន៍ផ្សារហ៊ុនបិទក្នុងអត្រា ៣៩៣,៣៨ ពិន្ទុកាលពីម្សិលមិញកើនឡើង ២,៤៤ ភាគរយជាមួយនឹងទំហំជួញដូរ ៦៥៦ ហ៊ុន និងតម្លៃជួញដូរ ២ ៩៧២ ០០០ រៀល៕
ADS HERE !!!